ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ កាលពីរសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩នេះ បានអនុញ្ញាតឲ្យលោកវរសេនីយ៍ឯក សារ៉ាយុទ្ធ ប៊ុនជឺ (Sarayuth Bunchheur) អនុព័ន្ធយោធាកងទ័ពជើងគោក នៃកងទ័ពភូមិន្ទថៃ និងលោកវរនាវីឯក ចាក់ទុរុង ឌីភីងទុន (Chaktourong Diphingtun) អនុព័ន្ធយោធាកងទ័ពជើងទឹក នៃកងទ័ពភូមិន្ទថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបញ្ចប់អាណត្តិការទូតយោធា នៅកម្ពុជា ចូលជួបសំដែងការគួរសម ជម្រាបលា និងបង្ហាញមុខ លោកប្រធានការិយាល័យអនុព័ន្ធយោធាកងទ័ពជើងគោក និងកងទ័ពជើងទឹកថ្មី ដែលត្រូវបន្តអាណត្តិការទូត ពីលោកអនុព័ន្ធយោធាចាស់ ដែលត្រូវបញ្ចប់អាណត្តិ នៅបន្ទប់សំណាក់សំណាលអគ្គបញ្ជាការដ្ឋាន នាទីក្រុងភ្នំពេញ។
ក្នុងជំនួបនាពេលនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្ដែងការស្វាគមន៍ និងជម្រាបជូនសង្ខេបអំពីស្ថានការណ៍ទូទៅនៅកម្ពុជា ពិសេសកម្ពុជា និងថៃ ដែលទើបតែបានធ្វើការបោះឆ្នោតរួចប្រកបដោយជោគជ័យ និងតម្លាភាព។ ពាក់ព័ន្ធដល់បញ្ហាទណ្ឌិតសមរង្ស៊ី ឯកឧត្តមក៏បានបញ្ជាក់អំពីគោលការណ៍នេះថា៖ ទណ្ឌិត សម រង្ស៊ី បានដើរឆ្លងផុតបន្ទាត់ក្រហម នៃលទ្ធិប្រជាធិបតេយ្យហើយ ហើយមួយទៀតលើផ្នែកនយោបាយទណ្ឌិត សម រង្ស៊ី កំពុងបង្ហាញនូវធាតុពិត របស់ខ្លួនក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារ ដើម្បីផ្ដួលរំលំរបបរាជានិយមអាស្រ័យធម្មនុញ្ញ ដែលជាអ្នកទោសក្បត់ជាតិ មិនអាចលើកលែងបានឡើយ។ ឯកឧត្តម អគ្គមេបញ្ជាការ បានបន្តទៀតថា៖ អ្នកដែលមានការពាក់ព័ន្ធក៍ត្រូវមានទោសទៅតាមច្បាប់របស់កម្ពុជា ដូចគ្នា។ ឯកឧត្តម អគ្គមេបញ្ជាការ វង្ស ពិសេន បានបន្តទៀតថា៖ នាយករដ្ឋមន្ត្រី នៃប្រទេសយើងទាំងពីរមានទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា ប្រជាជនយើងទាំងពីររស់នៅតាមខ្សែបន្ទាត់ព្រំដែនទទួលបានសុខសន្តិភាព។ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន ជំនួសមុខឱ្យថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានថ្លែងអំណរគុណផងដែរ ដល់ភាគីថ្នាក់ដឹកនាំ នៃកងទ័ពភូមិន្ទថៃ តាមរយៈលោកអនុព័ន្ធយោធាកងទ័ពទាំងពីរប្រភេទ ដែលកន្លងមកបានទទួលយកសិក្ខាកាមកម្ពុជាទៅបណ្ដុះបណ្ដាលលើជំនាញប្រឆាំងភារវកម្ម ហើយនៅក្នុងខែក្រោយនេះ ឯកឧត្តម នឹងអញ្ជើញទៅចូលរួម ក្នុងពិធីតាំងពិព័រណ៍អន្តរជាតិនៅប្រទេសថៃ។
លោកវរសេនីយ៍ឯក សារ៉ាយុទ្ធ ប៊ុនជឺ បានសម្ដែងនូវអំណរគុណ ចំពោះការទទួលបដិសណ្ឋារកិច្ច និងបញ្ជាក់អំពីស្ថានការណ៍នយោបាយនៅកម្ពុជា ជូនដល់លោកបានកាន់តែយល់ច្បាស់។ លោកវរសេនីយ៍ឯក សារ៉ាយុទ្ធ ប៊ុនជឺ ក៏បានសំដែងនៅអំណរគុណផងដែរ ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ របស់កងយោធពលខេមរភូមិន្ទ ដែលក្នុងអាណត្តិការទូតយោធារបស់លោក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានផ្ដល់គ្រប់លទ្ធភាព ក្នុងការបំពេញការងារការទូត របស់លោកក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងក្នុងការរឹតចំណងសាមគ្គីភាពមិត្តភាព រវាងរាជរដ្ឋាភិបាល ប្រជាជន និងកងទ័ពភូមិន្ទថៃ ជាមួយនឹងរាជរដ្ឋាភិបាល ប្រជាជន និងកងយោធពលខេមរភូមិន្ទ បានទទួលជោគជ័យរហូតដល់ពេលបញ្ចប់អាណត្តិការទូតយោធារបស់លោក នៅកម្ពុជា។ លោក សារ៉ាយុទ្ធ ប៊ុនជឺ ក៏បានសំដែងនៅកាលកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការល្អ រវាងនាយករដ្ឋមន្ត្រី នៃប្រទេសទាំងពីរក៏ដូចជាអគ្គមេបញ្ជាការ កងទ័ពប្រទេសទាំងពីរ ថៃ និងកម្ពុជា។ ហើយលោកវរសេនីយ៍ឯក ទាំងពីររូប ដែលបានមកដល់កម្ពុជា ដើម្បីបន្តអាណត្តិការទូតយោធា ពីលោកអនុព័ន្ធយោធាចាស់ បានសន្យាថានឹងបន្តទំនាក់ទំនងកិច្ចសហប្រតិបត្តិការនេះឲ្យកាន់តែល្អថែមទៀត ជាមួយនឹងកងយោធពលខេមរភូមិន្ទ ៕