ព្រះរាជាណាចក្រកម្ពុជា
ក្រសួងការពារជាតិ

មជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព

បោសសម្អាតមីន និងកាកសំណល់សង្គ្រាម

មជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព

បោសសម្អាតមីន និងកាកសំណល់សង្គ្រាម

ព្រះរាជាណាចក្រកម្ពុជា
ក្រសួងការពារជាតិ

General Director

ចក្រភពខ្មែរ ជាអតីតឈ្មោះរបស់ប្រទេសកម្ពុជា ដែលពិភពលោកទាំងមូលធ្លាប់កោតខ្លាច-កោតសរសើរ នូវអំណាចនិងការអភិវឌ្ឍគ្រប់វិស័យ ដែលដូនតាយើងបានពង្រីក ពង្រឹង កសាង ស្ថាបនា ជ្រោងមុខមាត់ កិត្តនាមប្រទេស យ៉ាងល្បីរន្ទឺ ទាំងក្នុងតំបន់ ក៏ដូចជាលើសកលលោកទាំងមូល នាពេលនោះ។

ជាតឹកតាង កេរ្តិ៍តំណែលជាប្រាង្គប្រាសាទរាប់ពាន់ ត្រូវបានស្ថាបនាលេចត្រដែតឡើង ពាសពេញដែនអាណាចក្រខ្មែរ​ ដូចជា ប្រាសាទអង្គរតូច ប្រាសាទអង្គរធំ ប្រាសាទព្រះវិហារ។ល។និង។ល។ ដែលបាននិងកំពុងឈរយ៉ាងស្រស់ប្រណិត-ស្កឹមស្កៃ ​ជាបេះដូងនៃប្រទេសរហូតទល់សព្វថ្ងៃ។

 ចាប់តាំងពីចូលសតវត្សទី១៣មក ដែនដីដ៏មហាសាលនៃអាណាចក្រខ្មែរ ដែលធ្លាប់លាតសន្ធឹង សឹងស្មើនិងទឹកដីទាំងមូល នៃអាស៊ីអាគ្នេយ៍សព្វថ្ងៃ រួមនិងប្រជាជាតិដ៏អភ័ព្វមួយនេះ ត្រូវបានហែកហួរ បំផ្លិចបំផ្លាញដោយសារភ្នក់ភ្លើងសង្គ្រាម ទាំងសង្គ្រាមផ្ទៃក្នុងនៃមហាគ្រួសារខ្មែរខ្លួនឯង ទាំងជាមួយប្រជាជាតិជាប់ភូមិផងរបង ព្រមទាំងសង្គ្រាមបណ្តាលមកពីការលូកដៃដោយផ្ទាល់និងប្រយោលរបស់ប្រទេសមហាអំណាចមួយចំនួន។

ជាលទ្ធផល អណ្តាតភ្លើងសង្គ្រាមគ្រប់ប្រភេទ បានលេបត្របាក់ទាំងជីវិតមនុស្សរាប់លាននាក់ ទាំងទ្រព្យសម្បត្តិកេរ្តិ៍តំណែលមិនអាចកាត់ថ្លៃបានរបស់បុព្វវរជនដូនតានៃយើង ជាពិសេស បណ្តាលឲ្យទឹកដីទាំងមូល រួមតូចបន្តិចម្តងៗ ស្ទើររលាយបាត់ពីផែនទីភិភពលោក រហូតដល់ សល់តែកម្ពុជាដ៏តូចមួយ ដែលយើងកំពុងរស់នៅសព្វថ្ងៃនេះ ។

ព្រះរាជាណាចក្រកម្ពុជា ជាប្រទេសដែលមានប្រវត្តិសាស្ត្រ ដ៏យូរអង្វែង និងដ៏សែនជូរចត់ រស់រងភាពរ៉ាំរ៉ៃ ដោយសង្គ្រាមគ្រប់ប្រភេទ គ្រប់រស់ជាតិ ដែលយើងជាជនជាតិខ្មែរ មានឈាមជ័រពូជអង្គរ​ គ្រប់រូប គ្រប់ជំនាន់ ត្រូវរៀនសូត្រ ចងចាំជានិច្ច នូវមេរៀនខាតបង់ និងចារឹកជាបទពិសោធន៍ កុំឲ្យដានកង់ប្រវត្តិសាស្ត្រដ៏អាក្រក់ជួរជាតិនេះ កើតមានជាថ្មីនៅលើដែនដីសុវណ្ណភូមិរបស់យើងទៀតឲ្យសោះ។

ជាយុគងងឺតបន្ថែម ពេលយានកម្ពុជាឈានចូលទសវត្ស៧០ ដែនដីដ៏កំសត់ និងប្រជាជាតិមួយនេះ រងការឈឺចាប់ក្នុងស្បៃខ្មៅងងឹតអន្ធការមួយបែបទៀត គឺរបបប្រល័យពូជសាសន៏ ឆ្នាំ ខែ និង ២០ ថ្ងៃ ដែលជាយុគ នាំប្រទេសនិងប្រជាជនទាំងមូល វិលធ្លាក់ចូលទៅក្នុងឆ្នាំទីសូន្យឡើងវិញ។ ថ្ងៃ ខែមករា ឆ្នាំ១៩៧៩ ជាថ្ងៃប្រវត្តិសាស្រ្ត ដែលកម្ពុជា បានរំដោះខ្លួនចេញពីក្រញាំបីសាច ជាថ្ងៃកំណើតទីពីរ របស់ពូជខ្មែរអង្គរទាំងមូល។

ថ្វីបើប្រជាជាតិខ្មែរ ត្រូវបានទេពតាមកសង្រ្គោះរួចផុតពីជីវិតដែលសល់តែស្បែកដណ្តប់ឆ្អឹង ប៉ុន្តែភ្លើងសង្គ្រាមក្នុងស្រុកមិនទាន់រលត់សោះឡើយ។ នាពេលនោះ សំណល់នៃ ចក្រភពខ្មែរ ដ៏តូចមួយនេះ ត្រូវបានបែងចែក និងកាន់កាប់ជា បួនចំណែក រួមមាន៖ (១) រដ្ឋកម្ពុជា (២) ហ្វ៊ុនស៊ិនប៉ិច (មានសម្តេច នរោត្តម សីហនុ ជាប្រមុខ) (៣) រណសិរ្សជាតិរំដោះប្រជាពលរដ្ឋ​ខ្មែរ (របស់សម្តេចសឺន សាន) និង(៤) ​ខ្មែរក្រហម(ប៉ុល​ ពត)

 

ឱ ខ្មែរពូជអ្នកចំបាំង! តើថ្ងៃណាទើបឈប់យកតោថ្មមកសំលៀងកាំបិត?

ក្រោយថ្ងៃ ខែមករា ឆ្នាំ១៩៧៩ របបរដ្ឋកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាតួរអង្គកំពូលនៃប្រទេស បានកាច់ចង្កូតនាំនាវាកម្ពុជា មកដល់កិច្ចព្រមព្រៀង ទីក្រុងប៉ារីស ថ្ងៃ២៣ ខែតុលា ឆ្នាំ១៩៩១។ ថ្វីបើគ្រប់ភាគីជម្លោះបានយល់ព្រមទាំងស្រុងក្នុងនាមជាខ្មែរតែមួយ ប៉ុន្តែដំណើរផ្លូវ ឆ្ពោះទៅកាន់ការបង្រួបបង្រួមជាតិ សុខសន្តិភាព និងការអភិវឌ្ឍ ស្ថិតនៅដ៏សែនឆ្ងាយ និងមានការលំបាកស្មុគ្រស្មាញ ព្រមទាំងភពប្រសព្វឧបសគ្គចាក់ស្រែះគ្រប់កាលៈទេសៈ មិនអាចប្រហែសសូម្បីមួយចំនុច។ ដោយសារគុណដ៏ថ្លែថ្លានៃទឹកចិត្តស្នេហាជាតិដ៏ពិតប្រាកដ និងយកជីវិតធ្វើដើមទុន ក្រោមយុទ្ធសាស្ត្រនយោបាយឈ្នះ-ឈ្នះ  របស់ សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទើបភ្លើងសង្គ្រាមដ៏រ៉ាំរ៉ៃអស់ជាង ៣ ទសវត្សបានរលត់រលាយផ្សែងទាំងស្រុងនាឆ្នាំ១៩៩៨

រម្លឹកដល់កិច្ចការថែរក្សាសន្តិភាព នាឆ្នាំ១៩៩១​ អង្គការសហប្រជាជាតិ បានមកបំពេញបេសកកម្ម ឈ្មោះថា អ៊ុនតាក់​(UNTAC)  ក្នុងទឹកដីដ៏កំសត់នៃយើង។  ដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០០៥ ជនជាតិជាម្ចាស់ប្រាង្គប្រាសាទអង្គរវត្តមួយនេះ បានវិវឌ្ឍខ្លួន បង្កើតកងកម្លាំងលេខ ១៣៥ ជាកងអនុសេនាធំដំបូងបំផុត ផ្នែកបោសសំអាតមីន ទៅចូលរួមបេសកកម្មថែរក្សាសន្តិភាព ក្នុងសាធារណរដ្ឋស៊ូដង់ ហៅថា​ UNMIS តាមកិច្ចផ្តួចផ្តើម និងបទបញ្ជារបស់ សម្តេចតេជោ ហ៊ុន សែន មកដល់បច្ចុប្បន្ន​ កម្លាំងមួកខៀវកម្ពុជាបាននិងកំពុងបង្កើនចំនួននិងជំនាញជាច្រើនបន្ថែម ដែលកំពុងប្រតិបត្តិការស្មើមុខស្មើមាត់ ស្មើសិទ្ធស្មើភាពជាមួយបណ្តាប្រទេសបរិច្ចាគកម្លាំងនានាលើសកលលោក។

កម្ពុជាបានបើកទំព័រថ្មី ក្នុងការសម្រេចចិត្តដ៏ត្រឹមត្រូវ ដែលធ្វើឲ្យពិភពលោកស្ញប់ស្ញែង និងកោតសរសើរមិនដាច់ពីមាត់ អំពីសមត្ថភាព ចំណេះដឹង ចំណេះធ្វើ ស្នាដៃរាប់មិនអស់ ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ក្នុងការនាំយកសុខ សន្តិភាព និងការអភិវឌ្ឍ​ ដល់ប្រទេសនានា ដែលរងនូវភ្លើងសង្គ្រាម ដូចកម្ពុជាខ្លួនឯងនាអតីតកាល។

កិត្តនាម កិត្តស័ព្ទ កិត្តយស ​របស់ព្រះរាជាណាចក្រអច្ឋរិយៈ នៅក្នុងតំបន់ ក៏ដូចជាលើឆាកអន្តរជាតិនេះ កើតឡើងបាន ដោយសារ អគ្គមគ្គុទេសដ៏ឆ្នើមបំផុត គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មាធិការជាតិ សម្របសម្រួលកិច្ចការបញ្ជូនកងកម្លាំង ចូលរួមបេសកកម្មរក្សាសន្តិភាព ..

មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព​ និងកងកម្លាំងមួកខៀវកម្ពុជាទាំងអស់ ក្នុងនាមជាសេនាធិការបស់ ក្រសួងការពាជាតិ និងគណៈកម្មាធិការជាតិ ពិតជាមានមោទនភាពបំផុត និងពេញចិត្តជាអនេក ដែលបានចូលរួមក្នុងការងារមនុស្សធម៌​ និងជួយស្រោចស្រង់ ពិភពលោកចេញពីភ្លើងសង្គ្រាម​ ព្រមទាំងសង្ឃឹមនិងជឿជាក់ថា ពិភពលោកទាំងមូល នឹងគ្របដណ្តប់ដោយសុខ សន្តិភាព និងការអភិវឌ្ឍជានិរន្តិ៍មិនខានឡើយ៕

 

រាជធានីភ្នំពេញ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨

 

                                                                        ហត្ថលេខា និងត្រា

 

ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី  

អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រង​កងកម្លាំងរក្សាសន្តិភា ព

 

;