ស្ថិតក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារជាតិ នាព្រឹកថ្ងៃទី ២ ខែ មករា ឆ្នាំ២០១៩ នេះ ក្រសួងការពារជាតិបានធ្វើការប្រជុំបូកសារុបការងារ ឆ្នាំ ២០១៨ និងលើកទិសដៅសំរាប់អនុវត្តបន្តឆ្នាំ២០១៩ ។ ឯកឧត្តម នាយឧត្តមសេនីយ សំ វណ្ណថន អគ្គលេខាធិការ ក្រសួងការពារជាតិ បានអានរបាយការណ៍ បូកសរុបការងារ ដោយបានលើកឡើងពីព្រឹត្តិការណ៍សំខាន់ៗ ដែលបានកើតមានឡើងនៅក្នុង ព្រះរាជា ណាចក្រកម្ពុជានិងបានបង្ហាញពីសភាពការណ៍ វិវត្តន៍រីកចំរើនថ្មីៗ ក្នុងឆ្នាំ ២០១៨ កន្លងមកដែល បានកើត ឡើងនូវព្រឹត្តិការណ៏ធំៗ ពិសេសព្រះរាជពិធីបុណ្យជាតិ ,បុណ្យរបស់រាជរដ្ឋភិបាលខួបកំណើត ខ.ភ.ម ពិសេសក្រសួងការពារជាតិទទួលបានជោគជ័យក្នុងពិធីសម្ពោធវិមានឈ្នះ ! ឈ្នះ ! កន្លងមកថ្មីៗផងដែរ ។ របាយការណ៍ក៏បានលើកឡើងផងដែរ ពីលទ្ធផល ការងារ នៃកិច្ចការពារ សន្តិសុខ ស្ថិរភាព សណ្តាប់ធ្នាប់ សាធារណៈ ដែលកងយោធពលខេមរភូមិន្ទ ក៏ដូចជា កងរាជអាវុធហត្ថ ខិតខំពុះពារសំរេចបាន នៅក្នុងរយៈពេល ១ ឆ្នាំ កន្លងទៅក្រោមកិច្ចសហការជាមួយ កំលាំង មានសមត្ថ កិច្ច និងអាជ្ញាធរមូលដ្ឋាន ក្នុងភារកិច្ចការពារជាតិ។ចំណែកលទ្ធផលការងារកែទំរង់កងយោធពលខេមរភូមិន្ទ វិញនៅក្នុងរយៈពេល ១ឆ្នាំ២០១៨ នេះរបាយការណ៍បានបញ្ជាក់ថា ៖បានធ្វើការហ្វឹកហ្វឺន បណ្តុះបណ្តាល និងបំប៉នជំនាញ នៅតាមបណ្តា សាលា និងកឯកភាព នានានៅទូទាំងប្រទេសផងដែរ ។ខ.ភ.ម បានធ្វើម្ចាស់ការលើការពង្រឹងនិងការពារ នៅ តាមបណ្តោយព្រំដែន និងបណ្តាកោះមួយចំនួន ព្រមទាំងមានកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេស ជិតខាង ។ យើង បានម្ចាស់ការនិងសហប្រតិបត្តិការបានល្អ ជាមួយអាជ្ញាធរមូលដ្ឋាន ព្រមទាំង សមត្ថកិច្ច គ្រប់ជាន់ថ្នាក់ ក្នុងការអនុវត្តច្បាប់ ទប់ស្កាត់រាល់បទល្មើសផ្សេងៗ ដើម្បីឲ្យភូមិ . ឃុំ មានសុវត្តិភាព ។ សំរាប់ទិសដៅ អនុវត្តបន្តនៅក្នុងឆ្នាំ ២០១៩ របាយការណ៍បានដាក់ចេញ នូវទិសដៅអោយគ្រប់បណ្តា អង្គភាព កងយោធ ពលខេមរភូមិន្ទ បន្តអនុវត្តផែនការកែទំរង់កងយោធពលខេមរភូមិន្ទ បន្តពង្រឹង ប្រៀប ការពារ ជាតិ នៅ តាមព្រំដែន ត្រៀមគ្រប់លក្ខណៈចុះជួយសង្រ្គោះប្រជាពលរដ្ឋនៅពេលមានគ្រោះធម្ម ជាតិកើត ឡើង និងបន្តរួមសហការ ការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋតាមមូលដ្ឋានអោយបាន ល្អប្រសើរ ។ក្នុងឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ ព្រមទាំងសមាជិកអង្គប្រជុំទាំងអស់ ក៏បានធ្វើការពិភាក្សាលើខ្លឹមសារ របាយការណ៍ បូកសរុបការងារ ឆ្នាំ ២០១៨ និងទិសដៅឆ្នាំ ២០១៩ ដើម្បីដាក់ចេញអោយអនុវត្តសំរេចបានលទ្ធផលល្អបន្ថែមទៀត ។ បន្ទាប់មកសម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានបំពាក់ឋានន្តរសក្តិថ្នាក់នាយឧត្តមសេនីយ៏ជូនចំពោះឯ.ឧ ឃឹម ប៊ុនសុង ជារដ្ឋលេខាធិការក្រសួងការពារជាតិ,ថ្នាក់ឧត្តមសេនីយ៏ឯកចំនួន ៣ រូប,ថ្នាក់ឧត្តមសេនីយ៏ទោចំនួន ៨ រូប និងថ្នាក់ឧត្តមសេនីយ៏ត្រីចំនួន ១៦ រូប ដែលព្រះមហាក្សត្រទើបបានតែងតាំងកាលពី ពេលថ្មីៗកន្លងមកនេះផងដែរ ៕