កំពង់ស្ពឺ៖ កងវិស្វកម្មពហុជំនាញលេខ៣៩៦ ដែលមានកងវិស្វកម្ម និងកងបោសសម្អាតមីនសរុបចំនួន១៨៤នាក់ ក្នុងនោះមានកម្លាំង នារី២៤នាក់ នឹងចេញបំពេញបេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋលីបង់ នាថ្ងៃស្អែកទី៣០ មករា ២០២០នេះ។
ឆ្នាំ២០២០នេះ គឺជាឆ្នាំទី១៤ហើយ ដែលកម្ពុជាបានបញ្ចូនកងកម្លាំងទៅចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ជាមួយប្រទេសចំនួន ១២៣នៅលើពិភពលោក។ អ្វីដែលជាមោទនភាពនោះ មកដល់បច្ចុប្បន្ន កម្ពុជាបានបញ្ចូនកម្លាំងចូលរួមបំពេញបេសកកម្មចំនួន ០៩ប្រទេសរួមមាន៖ សាធារណរដ្ឋស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ សាយប្រឺស ស៊ីរី ឆាដ ម៉ាលី និង អាហ្វ្រិកកណ្តាល និងយេមែន សរុបចំនួនជាង៦,៥៥៧នាក់។
ជំនាញដែលកងកម្លាំងរបស់កម្ពុជាបានបំពេញនោះរួមមាន៖ បោសសំអាតមីន កំទេចគ្រាប់មិនទាន់ផ្ទុះ អាវុធហត្ថ មន្ទីពេទ្យកម្រិត២ វិស្វកម្មសំណង់ វិស្វកម្មព្រលានយន្តហោះ នាយទាហានសេនាធិការ និងសង្កេតការណ៍។
ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណ:កម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានបញ្ជាក់ថា ក្នុងរយៈពេល១៤ឆ្នាំ កម្ពុជាទទួលបានស្នាដៃយ៉ាងធំធេងជាច្រើន និងបានលើកកម្ពស់កិត្តិយសជាតិឱ្យកាន់តែល្បីរន្ទឺលើឆាកអន្តរជាតិ តាមរយៈការបញ្ជូនកម្លាំងរបស់ខ្លួនជាច្រើនពាន់នាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ៕