ក្នុងសារលិខិតរបស់ខ្លួន សម្តេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំបានទទួលរួចហើយ នូវលិខិតរំលែកទុក្ខ របស់ ឯកឧត្តម ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ អំពីការបាត់បង់ដ៏សោកសង្រេងរបស់ នាយទាហានជាន់ខ្ពស់ ស សាវី កម្លាំងគាំទ្រថ្នាក់ជាតិកម្ពុជា ក្នុងបេសកកម្ម រក្សាស្ថេរភាពចម្រុះនៅសាធារណរដ្ឋម៉ាលី (MINUSMA) ដោយសារជំងឺកូវីដ១៩»។
សម្តេចបានបន្តថា៖ «សេចក្ដីក្លាហាន និងពលិកម្មដ៏ថ្លៃថ្លារបស់នាយទាហានរូបនេះ នឹងត្រូវបានចងចាំជាមួយការគោរពបំផុត និងការទទួលស្គាល់ទាំងជាតិ និងអន្តរជាតិ។ ទន្ទឹមនឹងការត្រៀមខ្លួនរួចជាស្រេចធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គការសហប្រជាជាតិ ដើម្បីចាត់វិធានការបន្ថែម ក្នុងការឆ្លើយតបនឹងការរីករាតត្បាតនៃជំងឺកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជាសម្ដែងសាជាថ្មីនូវការប្តេជ្ញារបស់ខ្លួនក្នុងការបន្តសកម្មភាពមនុស្សធម៌ ព្រមទាំងការកសាង និងការរក្សាសន្តិភាពនៅក្នុងពិភពលោក»៕